GuidePedia

0
តំណាង​គណបក្សនយោបាយ និង​អ្នកសង្កេតការណ៍​ជាង ១៣​ម៉ឺន​នាក់ ចូលរួម​សង្កេតការណ៍​បោះឆ្នោត​ឃុំ​សង្កាត់ ថ្ងៃ​៤​មិថុនា​


​គជប បានប្រកាសថា គណបក្សនយោបាយ​ទាំង ១២ ដែល​បាន​ចូលរួម​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត​ឃុំ​សង្កាត់ អាណត្តិ​ទី​៤​នេះ បានដាក់​ពាក្យសុំ​ចុះឈ្មោះ​ភ្នាក់ងារ​គណបក្សនយោបាយ​របស់ខ្លួន សរុប​ចំនួន ៥៨៦២៧ នាក់​។ រីឯ​ចំនួន​អ្នកសង្កេតការណ៍​ជាតិ និង​អន្តរជាតិ សរុប ៧៥០៥៥ នាក់​។

​ជាមួយគ្នា​នោះ សម្រាប់​ការបោះឆ្នោត​ឃុំ​សង្កាត់ នា​ថ្ងៃទី​៤​មិថុនា ក៏មាន​អ្នកកាសែត​បាន​ចុះឈ្មោះ​ចូលរួម​យក​ព័ត៌មាន សរុប ៧៨៨ នាក់ ផងដែរ​។​

​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់ អាណត្តិ​ទី​៤ ឆ្នាំ​២០១៧ នឹងធ្វើ​ឡើង នា​ថ្ងៃអាទិត្យ ទី​៤ ខែមិថុនា ស្អែក​នេះ ចាប់ពី​ម៉ោង ៧​ព្រឹក ដល់​ម៉ោង ៣ រសៀល មាន​អ្នកសង្កេតការណ៍​ជាតិ​សរុប ៧៤៦៧១ នាក់ មកពី​អង្គការ​សមាគម ចំនួន ២១ អង្គភាព ដើម្បី​ចូលរួម​សង្កេតមើល​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់ នា​ថ្ងៃស្អែក​នេះ​។​

​សេចក្តីប្រកាស​របស់​គ​ជប បង្ហាញថា ក្នុងចំណោម​អ្នកសង្កេតការណ៍​ជាតិ ៧៤៦៧១ នាក់ គឺ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បានដាក់​អ្នកសង្កេតការណ៍​ច្រើនជាងគេ រហូតដល់ ៣១៤៣១ នាក់ បន្ទាប់មក​គឺ​សមាគមនារី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ មាន​អ្នកសង្កេតការណ៍​បោះឆ្នោត ២០៧៩៣ នាក់ រីឯ​គណៈកម្មាធិការ​ដើ​ម្បី​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ នៅ​កម្ពុជា ហៅ​កាត់​ថា Comfrel បានដាក់​អ្នកសង្កេតការណ៍ ១៤៥៨០ នាក់​។​

​គជប ក៏បាន​ប្រកាសថា អ្នកសង្កេតការណ៍​អន្តរជាតិ ៣៨៤ នាក់ មកពី​ស្ថានទូត និង​អង្គការ​សមាគម​អន្តរជាតិ សរុប ៣៤ អង្គភាព បាន​ចូលរួម​សង្កេតមើល​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់ អាណត្តិ​ទី​៤ ឆ្នាំ​២០១៧​។ ក្នុងនោះ ស្ថានទូត​អាមេរិក ប្រចាំ​កម្ពុជា បានដាក់​អ្នកសង្កេតការណ៍​ច្រើនជាងគេ រហូតដល់ ៩៨ នាក់ បន្ទាប់មក​បណ្តាញ​អាស៊ាន​សម្រាប់​ការបោះឆ្នោត​ដោយ​សេរី ហៅ​កាត់​ថា ANFREL មាន​អ្នកសង្កេតការណ៍ ៥១​នាក់ និង​ស្ថានទូត​អូស្ត្រាលី ប្រចាំ​កម្ពុជា មាន​អ្នកសង្កេតការណ៍ ២៦ នាក់​។​

​ជាមួយគ្នា​នោះ គជប ក៏បាន​អនុញ្ញាត​ឲ្យ​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ សរុប​ចំនួន ៧៨៨ នាក់ មកពី​អង្គភាព​សារព័ត៌មាន​ជាតិ ចំនួន ៤៧ និង​អង្គភាព​សារព័ត៌មាន​អន្តរជាតិ ចំនួន ២៦ ស្ថាប័ន ដើម្បី​ចូលរួម​យក​ព័ត៌មាន​ក្នុង​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់ នា​ថ្ងៃអាទិត្យ ទី​៤​មិថុនា ឆ្នាំ​២០១៧៕​

Post a Comment

 
Top