GuidePedia

0
អបអរសាទរ​! កូន​ខ្មែរ​ច្នៃ​យន្តហោះ​ដោយ​មើល​យូ​ធូប ល្បី​ដល់​សារព័ត៌មាន​បរទេស​



​អស់​រយៈពេល ៣​ឆ្នាំ​មកហើយ ជាង​ជួសជុល​រថយន្ត​លោក ប៉ែន ឡុង បាន​ចិញ្ចឹមចិត្ត​បន្ត​ក្ដី​ស្រមៃ​ចង់​កែច្នៃ​យន្តហោះ​មួយគ្រឿង ដោយ​លោក​បាន​ចំណាយពេល​ច្រើន​ម៉ោង​ក្នុង​មួយ​យប់ៗ​មើល​វីដេអូ​តាម​គេហទំព័រ​យូ​ធូប (Youtube) របៀប​ផលិត​យន្តហោះ បន្ទាប់ពី​ប្រពន្ធ​ចូល​គេង​មុន​បាត់​។​
លោក ប៉ែន ឡុង រស់នៅ​ភូមិ​ស្វាយចេក ឃុំ​ព្រៃឈរ ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង​។ លោក​មាន​ក្ដី​សុបិន​ចង់​បង្កើត​យន្តហោះ​ខ្លួនឯង​តាំងពី​នៅ​តូច​អាយុ ៦​ឆ្នាំ ពោលគឺ​តាំងពី​ឆ្នាំ​១៩៩៣ ពេលនោះ​លោក​បាន​រត់​ក្នុង​ចម្ងាយ​រាប់គីឡូម៉ែត្រ​ដើម្បី​បាន​ទៅដល់​កន្លែង​ចុះចត​យន្តហោះ​ក្នុង​ខេត្តស្វាយរៀង​។ ពេល​លោក​រត់​ទៅដល់ យន្តហោះ​នោះ​តាម​ពិតជា​ឧទ្ធម្ភាគចក្រ ហៀបនឹង​ហោះ​ឡើង​មួយគ្រឿង​។​
​លោក​បាន​ប្រាប់​សារព័ត៌មាន​ប៊ី​ប៊ី​ស៊ី (BBC) ពី​ខេត្តស្វាយរៀង​ថា "​ដំបូង ខ្ញុំ​វាយ​ពាក្យ​ថា «Jet» ឬ​មានន័យថា «​យន្តហោះ​» រួច​ខ្ញុំ​បានឃើញ​វីដេអូ​ទាក់ទង​នឹង​យន្តហោះ​ជាច្រើន​ដូចជា ការហោះ​ឡើង ការ​ចុះចត និង​ការ​ផ្គុំ​ម៉ាស៊ីន​យន្តហោះ​ជាដើម​។ ខ្ញុំ​ចាប់ផ្ដើម​ច្នៃ​យន្តហោះ​យ៉ាង​ស្ងាត់ស្ងៀម​មិន​ឲ្យ​អ្នកដទៃ​ដឹង​ឡើយ ព្រោះ​ខ្លាច​គេ​សើច ហើយ​ជួនកាល​ត្រូវធ្វើ​ពេលយប់​ក៏មាន​"​។​
លោក​រៀបរាប់​បន្ថែមថា ការកែច្នៃ​របស់លោក គឺ​យក​គំរូ​តាម​យន្តហោះ​ជប៉ុន​សម័យ​សង្គ្រាមលោក​លើក​ទី ២ ប៉ុន្តែ​លោក​ត្រូវ​ចំណាយពេល​បង្កើត​ជិត​មួយឆ្នាំ​ហើយ​។ ឯ​បន្ទប់​អ្នកបើកបរ គឺ​លោក​ប្រើ​កៅអី​ជ័រ​កាត់​ជើង​ប៉ុណ្ណោះ​។ លោក​ប៉ាន់ប្រមាណ​ថា ទឹកប្រាក់​ត្រូវ​ចំណាយ​នឹងមាន​ចំនួន​ជាង ១​ម៉ឺន​ដុល្លារ ហើយ​ពេលនេះ​ចំណាយ​អស់​ជាង ៣០០០​ដុល្លារ​ហើយ​។ "​ខ្ញុំ​មិនដែល​ចំណាយ​របស់​ផ្សេងៗ​អស់​ប៉ុណ្ណឹង​ទេ តែ​ខ្ញុំ​ក៏​មិន​ស្ដាយក្រោយ​ដែរ​"​។ លោក​បន្ត​។​
​លោក​ប៉ែន ឡុង ជា​ម្ចាស់​យានដ្ឋាន​ឈ្មោះ ជាង​ឡុង ធ្លាប់​ប្រាប់ Sabay ថា លោក​ធ្លាប់បាន​បើក​យន្តហោះ​នេះ នៅលើ​ផ្លូវជាតិ​លេខ​១ ដែរ ប៉ុន្តែ​មិន​ហ៊ាន​ហោះ​ឡើង​ឡើយ ព្រោះ​ខ្លាច​មាន​គ្រោះថ្នាក់​ដល់​អ្នកដំណើរ​។ យន្តហោះ​លោក​ច្នៃ​នេះ ប្រើ​ម៉ាស៊ីន​មួយ​ទាញ​កង្ហារ​ខាងមុខ ដើម្បី​ឲ្យ​កម្លាំង​ខ្យល់​ទាញ​យន្តហោះ មិនមែន​ប្រើ​ម៉ាស៊ីន​ទាញ​កង់​ឡើយ​។​
​យន្តហោះ​ធុន​តូច​ដែល​ច្នៃ​ដោយ ជាង ឡុង មាន​ទម្ងន់​ប្រមាណ ៤០០​គីឡូក្រាម បណ្ដោយ​ប្រវែង ៤,៧០​ម៉ែត្រ និង​ស្លាប​សរុប ៨​ម៉ែត្រ ។ ចំណែក​ម៉ាស៊ីន​យន្តហោះ មាន​កម្លាំង ៣៥​សេស​៕

Post a Comment

 
Top