ថ្នាំញៀនជាង៤លានគ្រាប់ត្រូវចាប់បានក្រោយពីពួកជូញដូរបានបោះបង់ចោលរថយន្តរបស់គេនិងរត់គេចខ្លួននៅស្រុកមួយក្នុងខេត្តឈៀងរ៉ៃ ភាគខាងជើងកាលពីយប់ថ្ងៃសុក្រទី៩មិថុនា។
យោងតាមកាសែតថៃចេញផ្សាយនៅថ្ងៃនេះ ទាហានមកពី២អង្គភាពបានស្ទាក់ឃាត់រថយន្តមួយដើម្បីឆែក តែអ្នកបើកបានឈប់និងរត់ចោលរថយន្ត។ក្រោយការឆែកមើល គេរកឃើញបាវ១៦នៅក្នុងរថយន្តហើយបាវមួយៗផ្ទុកថ្នាំមេតំហ្វេតាមីនសរុបទាំង១៦បានមានចំនួន៤,២លានគ្រាប់។
ការស្ទាក់ចាប់នេះកើតឡើងក្រោយពីទទួលបានព័ត៌មានអំពីការដឹកជញ្ជូនថ្នាំញៀនមកពីព្រំដែនឡាវ។
នៅខេត្តប្រាជួបភាគខាងត្បូងឯណេះវិញ ជនសង្ស័យចំនួន៣នាក់ រួមជាមួយនឹងថ្នាំញៀនជិត១លានគ្រាប់ត្រូវបានកំលាំងជំនាញនៃអង្គភាពប្រឆាំងគ្រឿងញៀនធ្វើការតាមប្រមាញ់រហូតឈានដល់ការបង្ក្រាបបានបន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ច្បាស់ពីកំលាំងសម្ងាត់។
នៅព្រឹក ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៧ អង្គភាពប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋានតម្រួត ប្រទេសថៃ បានធ្វើការដាក់កំលាំងដើម្បីស្ទាក់ចាប់រថយន្តពីរគ្រឿង ដែលគេសង្ស័យថាអាចមានការរត់ពន្ធនូវសារធាតុញៀនយកទៅចែកចាយតាមបណ្តាខេត្តមួយចំនួននៅភាគខាងត្បូងនៃប្រទេសថៃ និងបានរកឃើញមានថ្នាំញៀនប្រភេទយ៉ាម៉ាចំនួន៤៥៦ដុំ ស្មើនឹង៩១២.០០០គ្រាប់ ៕

Post a Comment