មេដឹកនាំអាវក្រហមនិរទេសខ្លួន លោកគូទី និយាយថា គាត់ "កំពុងបង្វឹកអ្នកចម្បាំងស៊ីវិល"

ថ្ងៃ សៅរ៏ ទី ២៧ ខែ ឧសភា ឆ្នាំ ២០១៧ ម៉ោង ០៩:៣៨
យោងតាមកាសែតបាងកកប៉ុស្តិ៍ចុះផ្សាយកាលពីថ្ងៃទី ២៦ ឧសភា មេដឹកនាំអាវក្រហមនិរទេសខ្លួន វុទ្ធីពង់ "កូទី" កូចាថាម៉ាគុន អះអាងថា គាត់កំពុងបង្វឹក "អ្នកចម្បាំងស៊ីវិល" ដើម្បីទម្លាក់រដ្ឋាភិបាលថៃ។
លោកវុទ្ធីពង់និយាយក្នុងកិច្ចសម្ភាសន៍មួយនៅលើកម្មវិធីសំឡេងថៃ (Thais Voice) មានមូលដ្ឋាននៅអាមេរិក ផ្សាយតាមបណ្តាញយូធ្យូបកាលពីថ្ងៃព្រហស្បតិ៍ទី ២៥ ឧសភា យ៉ាងដូច្នេះ "យើងកំពុងបង្វឹកអ្នកចម្បាំងស៊ីវិលដើម្បីបណ្តេញពួកចោរប្លន់ចេញពីប្រទេសយើង...យើងកំពុងហ្វឹកហាត់ដូចជាទាហានយ៉ាងអ៊ីចឹង"។
លោកវុទ្ធីពង់ ដែលរត់គេចពីថៃក្នុងឆ្នាំ ២០១៤ បន្ទាប់ពីរងការចោទប្រកាន់ពីបទបរិហាកេរ្តិ៍ស្តេច និង ត្រូវគេជឿថាកំពុងនៅឡាវ បាននិយាយថា គាត់កំពុងបង្វឹកអ្នកស្ម័គ្រចិត្តជាជនស៊ីវិល។
លោកនិយាយថា "យើងកំពុងហ្វឹកហាត់ដើម្បីការពារបងប្អូនប្រុសស្រីយើង ដែលចង់បានលទ្ធិប្រជាធិបតេយ្យ...ខ្ញុំទើបតែបង្កើតអង្គការនេះឡើងបាន ៣ ទៅជិត ៤ ខែប៉ុណ្ណោះ" ដោយបន្ថែមទៀតថា ក្រុមអ្នកចម្បាំងនោះមានមូលដ្ឋាននៅក្នុង "ព្រៃ" ដោយមិនផ្តល់ព័ត៌មានលម្អិតទៀតនោះទេ។
គាត់ទទួលស្គាល់ថា មានគ្នីគ្នាតិចតួច។ គាត់បន្តទៀតថា "មិនមានមនុស្សច្រើនទេបានចូលរួម"។
អ្នកនាំពាក្យក្រសួងការពារជាតិ លោក គង់ជីព តាន់ត្រាវ៉ាណិត បានច្រានចោលសម្តីរបស់លោកវុទ្ធីពង់អំពីការកេណ្ឌកម្លាំងតស៊ូ។
លោកគង់ជីពប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា "ខ្ញុំមិនជឿថាគ្រប់គ្នាគិតចង់បំផ្លាញប្រទេសខ្លួនឯងនោះឡើយ" ដោយបន្ថែមថា ការបោះឆ្នោតស្ទង់មតិបង្ហាញថា ប្រជាជនរីករាយនឹងការគ្រប់គ្រងរបស់យោធា។
លោកវុទ្ធីពង់គឺជាជនដែលប៉ូលិសតាមចាប់ខ្លួនរួចទៅហើយ។ រដ្ឋាភិបាលបានចោទប្រកាន់គាត់ពីបទកាន់កាប់អាវុធ និង មានផែនការធ្វើឃាតនាយករដ្ឋមន្ត្រី ដែលសុទ្ធសឹងជាការចោទប្រកាន់ ដែលលោកបានបដិសេធទាំងអស់៕
អត្ថបទ៖ រស្មីកម្ពុជា
Post a Comment