របរដំកាំបិតពូថៅលក់ធ្វើឱ្យជីវភាពគ្រួសារធូរធារពីមួយឆ្នាំទៅមួយឆ្នាំ

ថ្ងៃ សៅរ៏ ទី ២៧ ខែ ឧសភា ឆ្នាំ ២០១៧ ម៉ោង ០៩:៥២
(កំពត)៖ ជំនាញដំដែកផលិតកាំបិត ពូថៅគឺជាចំណេះដែលអ្នកប្រើប្រាស់ភាគច្រើនចេះតពីឪពុក ម្តាយ ជីដូនជីតាគឺកម្រមានការហ្វឹកហាត់ពីសាលាណាស់។ ទោះបីមានការបោះ បង់ចោលពីក្រុមជាងមួយចំនួនក្តីតែមុខរបរនេះបានលើកស្ទួយជីវភាពឱ្យកាន់តែប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ។
លោក អ៊ីត ម៉ូហាំម៉ាត់ អាយុ ៣៩ឆ្នាំ បានរៀបរាប់ថា លោកមករស់នៅភូមិព្រែកត្នោត ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពតនេះក្នុងឆ្នាំ២០១០។ ព្រោះតែចេះជំនាញដំដែកពីឪពុកកាលរស់នៅស្រុកកោះធំ ខេត្តកណ្តាល លោកក៏បានកៀរគរ និងបង្ហាត់បង្រៀនអ្នកភូមិអំពីការដំកាំបិត ពូថៅ ដោយមកដល់សព្វ ថ្ងៃនេះ កូនជាងចំនួនប្រាំនាក់ចេះធ្វើការងារនេះអស់ហើយ។
មេជាងរូបនោះបានបញ្ជាក់ថា នៅទីនេះ លោកផលិត តែកាំបិត និងពូថៅប៉ុណ្ណោះ ពីព្រោះលោកប្រមូលទិញយកប្រភេទដែករឹង មានគុណភាពល្អ ផ្អែកតាមតម្រូវការរបស់អតិថិជនសម្រាប់ទទួលទៅលក់បន្តនៅតាមបណ្តាខេត្តនានា។
ក្រៅពីសមិទ្ធផលពីរមុខនេះ បច្ចុប្បន្នការប្រកួតប្រជែងមិនឈ្នះផលិតផលនាំចូលពីក្រៅទេ។ ជាក់ស្តែង ដូចជា ផ្លែកណ្ឌៀវមកពីប្រទេសវៀតណាម គេធ្វើពីប្រភេទដែកទន់ ហើយមានតម្លៃត្រឹមពីរពាន់រៀលប៉ុណ្ណោះ។ បើធ្វើពីដែករឹងនោះនឹងមិនបានចំណេញឡើយ ហើយក៏ត្រូវចំណាយពេលយូរទៀតផង។
ពាក់ព័ន្ធនឹងពេលវេលានេះ លោកម៉ូហាំម៉ាត់បានប្រាប់ឱ្យដឹងថា ការងារដំដែករបស់លោកសព្វថ្ងៃចំណេញពេលលើផ្នែកពីរ គឺដុត កម្តៅដែក និងឆាបតួកាំបិត ពូថៅ ព្រោះបានបែរមកប្រើម៉ូទ័រ ជំនួសស្នប់ដែលត្រូវចំណាយមនុស្សម្នាក់ សម្រាប់អង្គុយសប់ និងការឆាបដោយកម្លាំងដៃ។
អ្នកស្រី ផល ដានី អាយុ ២៧ឆ្នាំ បានរៀបរាប់ថា ក្នុងនាមជាប្រពន្ធជាងដែកពិតជាមិនមានពេល ទំនេរទេ។ ក្រៅពីកិច្ចការងារដាំស្ល បោកគក់សម្លៀកបំពាក់ ត្រូវជួយរៀបចំ និងដាក់ដងកាំបិត ពូថៅឱ្យ រួចរាល់ ព្រោះធម្មតាអ្នកដំដែកបានប្រើកម្លាំងច្រើន។ ដូច្នេះពេលសម្រាកចាំបាច់ត្រូវដេកដើម្បីសន្សំ កម្លាំងធ្វើបន្ត។
ផល ដានីបានប្រាប់ឱ្យដឹងថា ជាធម្មតាក្នុងអំឡុងពេលបីថ្ងៃត្រូវផ្ញើឱ្យម៉ូយម្តង ដោយអ្នក ទទួលទាំងនោះមាននៅតាមខេត្តផ្សេងៗ ដូចជា កំពង់ចាម ព្រៃវែង ក្រចេះ ត្បូងឃ្មុំ...ជាដើម។
លោកម៉ាត់ ហ៊ីម សមាជិកក្រុមប្រឹក្សាឃុំព្រែកត្នោតបានបញ្ជាក់ឱ្យដឹងថា មុខរបរដំដែកក្នុងមូល ដ្ឋានរបស់លោកមានពីរកន្លែង គឺនៅភូមិត្រពាំងរពៅ និងភូមិព្រែកត្នោត។ ជាការកត់សម្គាល់ អាជីវកម្ម ដំកាំបិត ពូថៅលក់ហាក់ដូចជានឿយហត់មែន តែកម្រិតជីវភាពគ្រួសារបានធូរធារពីមួយឆ្នាំ ទៅមួយឆ្នាំ ជាលំដាប់។
លោកម៉ាត់ ហ៊ីម សមាជិកក្រុមប្រឹក្សាឃុំព្រែកត្នោតបានបញ្ជាក់ឱ្យដឹងថា មុខរបរដំដែកក្នុងមូល ដ្ឋានរបស់លោកមានពីរកន្លែង គឺនៅភូមិត្រពាំងរពៅ និងភូមិព្រែកត្នោត។ ជាការកត់សម្គាល់ អាជីវកម្ម ដំកាំបិត ពូថៅលក់ហាក់ដូចជានឿយហត់មែន តែកម្រិតជីវភាពគ្រួសារបានធូរធារពីមួយឆ្នាំ ទៅមួយឆ្នាំ ជាលំដាប់។
ជាក់ស្តែង គ្រួសារមួយស្ថិតនៅភូមិព្រែកត្នោតនោះ កាលទើបមកដល់ដំបូងមានតែពីរនាក់ ប្តីប្រពន្ធ ហើយជួលដីគេស្នាក់នៅប៉ុណ្ណោះ។ បន្ទាប់ពីបើកមុខរបរដំកាំបិត ពូថៅលក់ ក៏ឈានទៅទិញ បានដី បានផ្ទះផ្ទាល់ខ្លួន មានកូនជាងជាច្រើននាក់ ព្រមទាំងមានរថយន្តប្រើប្រាស់ទៀតផង។
លោក សុខ គឹមជឿន ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តកំពតបានរៀបរាប់ថារហូតមកដល់សព្វថ្ងៃ មុខរបរដំដែកនៅមានតិចតួចបំផុតគឺស្ទើរតែត្រូវគេបោះបង់ចោលអស់ទៅហើយ ។ ដើមឡើយ មន្ត្រីជំនាញបានចុះពិនិត្យមើល និងស្រង់ទិន្នន័យធ្វើរបាយការណ៍ជាប្រចាំដែរ។
តែក្រោយមកដោយសង្កេតឃើញថាសកម្មភាពនេះមានទ្រង់ទ្រាយតូចតាចពេល ខាងមន្ទីរក៏ផ្អាកចុះស្រង់ស្ថិតិតែម្តង។ លោកសុខ គឹមជឿន បានបញ្ជាក់ថាបច្ចុប្បន្ននេះមានតែក្នុងស្រុកទឹកឈូ និងក្រុងកំពតប៉ុណ្ណោះ៕


Post a Comment