GuidePedia

0
CNRP យក​ទីលាន​ប្រជាធិបតេយ្យ​ចាស់ ធ្វើជា​កន្លែង​ជួបជុំគ្នា សម្រាប់​ដង្ហែ​ក្បួន​ឃោសនា​ធំ​ នៅថ្ងៃចុងក្រោយ


ភ្នំពេញ​៖ គណបក្ស​សង្គ្រោះ​ជាតិ នឹង​ដង្ហែ​ក្បួន​ឃោសនា​ធំ ជា​លើកចុងក្រោយ ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២ ខែមិថុនា ឆ្នាំ​២0១៧​។ ប៉ុន្តែ នៅពេល​ព្រឹក គណបក្ស​សង្គ្រោះ​ជាតិ នឹងមិន​ដង្ហែ​ឡើយ ដោយ​រង់ចាំ​រហូតដល់​ពេល​ថ្ងៃ ទើប​ចាប់ផ្តើម​ដង្ហែ​។
សេចក្តីប្រកាស​ព័ត៌មាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឲ្យ​ដឹងថា ចាប់ពី​ម៉ោង​៧​ព្រឹក នៅ​ថ្ងៃទី​២ ខែមិថុនា ឆ្នាំ​២0១៧ អ្នកគាំទ្រ​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ទៅ​ជួបជុំគ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ​ចាស់ ក្បែរ​រមណីយដ្ឋាន​វត្ត​ភ្នំ ដើម្បី​រៀបចំ​ដង្ហែ​ក្បួន​ឃោសនា​រក​សំឡេងឆ្នោត សម្រាប់​ការបោះឆ្នោត​ថ្នាក់ឃុំ​-​សង្កាត់ នា​អាណត្តិ​ទី​៤​នេះ​។  ប៉ុន្តែ លោក ម៉ន ផល្លា ប្រធាន​គណៈកម្មការ​ប្រ​តិ្ត​ប​ត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំរាជធានី​ភ្នំពេញ បាន​ប្រាប់​សារព័ត៌​ត​មាន​ថ្មីៗ នៅពេល​ព្រឹក​គណបក្ស​ស​ង្គ្រោះ​ជាតិ នឹងមិន​ដង្ហែ​ក្បួន​ឃោសនា​ឡើយ ពោលគឺ អ្នកគាំទ្រ​និង​សកម្មជន​ទាំងអស់ គ្រាន់តែ​ទៅ​ជួបជុំគ្នា​ប៉ុណ្ណោះ ដើម្បី​ស្តាប់​សារ​នយោបាយ​របស់​ថ្នាក់ដឹកនាំ​។
​លោក ម៉ន ផល្លា បន្តថា នៅ​ម៉ោង​២​រសៀ​ល ទើប​គណបក្ស​សង្គ្រោះ​ជាតិ ចាបផ្តើម​ដង្ហែ​ក្បួន​ឃោសនា រហូតដល់​ពេលយប់​តែម្តង​។ បើតាម លោក ម៉ន ផល្លា មូល​ហេតុដែល​គណបក្ស​សង្គ្រោះ​ជាតិ មិន​ដង្ហែ​ក្បួន​ឃោសនា​នៅពេល​ព្រឹក គឺ​ដើម្បី​ទុក​សិទ្ធិ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ប្រកាសថា មាន​អ្នកចូលរួម​រាប់ម៉ឺន​នាក់ ដង្ហែ​មុន​។
​លោក​និយាយ​យ៉ាង​ដូច្នេះ​៖«​ថ្ងៃ​ចុងក្រោយ គណបក្ស​សង្គ្រោះ​ជាតិ ក៏​ហែ ហើយ​គណបក្ស​ប្រជាជន​កម្ពុជា ក៏​ហែ​។ បើ​យើង ​ក៏​ហែ ហើយ​គេ​ហែ ប្រាកដជា​ជួបគ្នា ហើយ​នាំ​ឲ្យ​កកស្ទះ​ចរាចរ​យ៉ាងខ្លាំង និង​នាំ​ឲ្យ​ការ​ដង្ហែ អាច​នឹងមាន​បញ្ហា​ផ្សេងទៀត ។ អ៊ីចឹង ពេលព្រឹក យើង​សុខចិត្ត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ដង្ហែ​ចុះ ហើយ​ពេល​ថ្ងៃ គឺ​យើង ហែ រហូតដល់​យប់​តែម្តង​»​។

​លោក ម៉ន ផល្លា បញ្ជាក់​ចុងក្រោយ​ថា ក្បួន​ដង្ហែ​របស់​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ទៅ​ឈប់​នៅក្បែរ​សួនច្បារ​សម្តេច​សង្ឃរាជ ជួន ណាត និង​វិមាន​រដ្ឋសភា ហើយនឹង​រំសាយ​នៅ​ទីនោះ​តែម្តង​។
សូមបញ្ជាក់ថា គណបក្ស​សង្គ្រោះ​ជាតិ បាន​ដង្ហែ​ក្បួន​ឃោសនា​ធំ ក្នុង​រាជធានី​ភ្នំពេញ ចំនួន​២​លើក​រួចមកហើយ នៅក្នុង​យុទ្ធនាការ​នៃ​ការឃោសនា​រក​សំឡេងឆ្នោត ក្នុង​រយៈពេល​ជាង​១0​ថ្ងៃ​មកនេះ​។ ការឃោសនា​រក​សំឡេងឆ្នោត នឹងត្រូវ​បញ្ចប់​នៅ​ថ្ងៃទី​២ ខែមិថុនា ឆ្នាំ​២0១៧។ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២0១៧៕

Post a Comment

 
Top