កងទ័ពហ្វីលីពីនថា ជនប្រដាប់អាវុធ៨៩នាក់ត្រូវបានសម្លាប់នៅអំឡុងវាយប្រយុទ្ធម៉ារ៉ាវី

ថ្ងៃ ពុធ ទី ៣១ ខែ ឧសភា ឆ្នាំ ២០១៧ ម៉ោង ១៦:១០
ក្រុមមន្ត្រីយោធាហ្វីលីពីនបាននិយាយនៅថ្ងៃពុធទី៣១ខែឧសភាថា កងទ័ពរដ្ឋាភិបាលហ្វីលីពីនបានសម្លាប់ក្រុមជនសកម្មប្រយុទ្ធអ៊ីស្លាមចំនួន៨៩នាក់នៅក្នុងអំឡុងការវាយប្រយុទ្ធគ្នាអស់រយៈពេលជាងមួយសប្តាហ៍នៅទីក្រុងម៉ារ៉ាវីភាគខាងត្បូងនៃប្រទេសហ្វីលីពីន ប៉ុន្តែ ក្រុមជនប្រដាប់អាវុធនេះ គឺអាចនៅតស៊ូប្រយុទ្ធតទល់បាន និង បានចាប់មនុស្សច្រើននាក់ធ្វើជាចំណាប់ខ្មាំង។
ទីភ្នាក់ងារសារព័ត៌មានបារាំងបានរាយការណ៍ថាឧទ្ធម្ភាគចក្រប្រយុទ្ធជាច្រើនគឿងបានបាញ់គ្រាប់រ៉ុក្កែតជាច្រើនគ្រាប់ទៅលើទីតាំងលាក់ខ្លួនរបស់ក្រុមជនសកម្មប្រយុទ្ធ កាលពីព្រឹកថ្ងៃពុធនេះ នៅទីក្រុងនេះ។
ការប៉ះទង្គិចគ្នានេះបានកើតឡើងកាលពីសប្តាហ៍មុន នៅពេលដែលក្រុមជនប្រដាប់អាវុធច្រើននាក់ដែលគ្រវីទង់ជ័យរដ្ឋអ៊ីស្លាម បានសម្រុកចូលទីក្រុងនេះ ដែលមានជនអ៊ីស្លាមភាគច្រើនរស់នៅលើកោះមិនដាណាវ ដើម្បីឆ្លើយតបទៅនឹងការខំប្រឹងប្រែងរបស់កងទ័ពរដ្ឋាភិបាលដែលតាមចាប់ខ្លួនជនជាតិហ្វីលីពីនម្នាក់ឈ្មោះ អ៊ីស្នីឡុន ហាពីឡុន (Isnilon Hapilon) ដែលស្ថិតនៅក្នុងបញ្ជីភេរវកម្មដែលចង់ចាប់ខ្លួនបំផុតរបស់រដ្ឋាភិបាលអាមេរិក។
លោក រីស្ទីទូតូ ផាឌីលឡា អ្នកពាក្យកងទ័ពរដ្ឋាភិបាល បាននិយាយនៅថ្ងៃពុធនេះ ថា ហាពីឡុន មេដឹកនាំក្រុមជនសកម្មប្រយុទ្ធនេះ បានរត់គេចខ្លួន ប៉ុន្តែ គេជឿថា ហាពីឡុន កំពុងស្ថិតនៅក្នុងទីក្រុងនេះ។
លោក ផាឌីលឡា បាននិយាយថា កងទ័ពរដ្ឋាភិបាល មានការជឿនលៀនទៅមុខ ដោយឆ្ពោះទៅបញ្ចប់វិបត្តិនេះ ដែលបានបណ្តាលឱ្យស្លាប់កងទ័ពរដ្ឋាភិបាលចំនួន២១នាក់ និង ស្លាប់ជនស៊ីវិលចំនួន១៩នាក់៕
Post a Comment