GuidePedia

0
ក្រសួងមហាផ្ទៃ ទទួល​បណ្តឹង​ពី​ប្រជាពលរដ្ឋ​ជាង ៧៤០០ នាក់ ដែល​ចាញ់បោក​លុយ ៦០ លាន​ដុល្លារ​
[Enter Caption]


​ក្នុង​សន្និសីទកាសែត នៅ​ក្រសួងមហាផ្ទៃ នា​ព្រឹក​ថ្ងៃទី​៣០​ឧសភា​នេះ លោក ងី ច័​ន្ទ្រ​ផល រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បាន​ថ្លែងថា ក្រសួងមហាផ្ទៃ បានទទួល​ពាក្យបណ្តឹង​ធំៗ​ចំនួន ៤ ពី​តំណាង​ប្រជាពលរដ្ឋ ៧៤៣០ នាក់ ដែលមាន​ទឹកប្រាក់​សរុប​ប្រមាណ ៦០ លានដុល្លារ​។ បណ្តឹង​ទាំងនោះ ត្រូវបាន​បង្វែរ​ទៅកាន់​តុលាការ ដើម្បី​ចាត់ការ​តាមច្បាប់​។

​ក្រុមហ៊ុន EBC និង​អង្គការ​សមាគម ដែលមាន​មេក្លោង​ទាំង ៤​នាក់​នោះ បាន​បើក​ប្រតិបត្តិការ​ពីរ៉ាមីត ដោយ​លួងលោម​ឲ្យ​ប្រជាពលរដ្ឋ ដាក់​វិនិយោគ​លុយ ដើម្បី​ទទួលបាន​ការប្រាក់ ១០% ក្នុង ១​ខែ ឬ ១២០% ក្នុង ១​ឆ្នាំ​។ ប៉ុន្តែ​នៅពេល​មួយខែ ឬ​ពីរ​ខែ​ដំបូង ក្រុមហ៊ុន​នោះ បានផ្តល់​លុយ​ការប្រាក់​ដូច​ការសន្យា តែ​នៅពេល​ដាក់ទុន​ច្រើន ហើយ​មាន​អ្នកចូលរួម​កាន់តែច្រើន គឺ​មេក្លោង​ក្រុមហ៊ុន​នោះ បាន​វេច​លុយ​រត់​បាត់​។​

​លោក ងី ច័​ន្ទ្រ​ផល បាន​លើកឡើងថា ហេតុការណ៍​ក្រុមហ៊ុន​បោកប្រាស់​ប្រជាពលរដ្ឋ​នោះ បានកើត​ឡើង ចាប់តាំងពី​ឆ្នាំ​២០១៥ ហើយ​រដ្ឋាភិបាល ក៏បាន​ផ្សព្វផ្សាយ​ដែរ តែ​បែរជា​កាលណោះ មាន​ប្រជាពលរដ្ឋ ២៦​នាក់ បានធ្វើ​ញត្តិ កុំ​ឲ្យ​រដ្ឋាភិបាល រំខាន​ដល់​ការរកស៊ី​របស់គេ​ទៅវិញ​។​

​ជាមួយគ្នា​នោះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឌី វិជ្ជា ប្រធាន​នាយកដ្ឋាន​កណ្តាល​សន្តិសុខ​នៃ​ក្រសួងមហាផ្ទៃ បានបង្ហាញ​អត្តសញ្ញាណ​មេក្លោង ៤​នាក់ រួមមាន ជនជាតិ​ម៉ាឡេស៊ី ម្នាក់ និង​ជនជាតិខ្មែរ ៣​នាក់ ដែល​បាន​ឆបោក​ប្រាក់​ប្រជាពលរដ្ឋ​ខ្មែរ ៧៤៣០ នាក់ ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៦០ លាន​ដុល្លារ​អាមេរិក​។ បុរស​មេក្លោង​ទាំង ៤​នាក់​នោះ បាន​បោកប្រាស់​លុយ​ប្រជាពលរដ្ឋ​ខ្មែរ តាមរយៈ​ក្រុមហ៊ុន​ឯកជន ដែល​ទទួល​ប្រាក់​បញ្ញើ​ពី​ប្រជាពលរដ្ឋ ហើយ​ប្រជាពលរដ្ឋ ទទួលបាន​ការប្រាក់ ១០% ក្នុង ១​ខែ​។​

​ជនសង្ស័យ​ជា​មេក្លោង​ទាំង ៤​នាក់​នោះ ត្រូវបាន​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឌី វិជ្ជា លើកឡើងថា ទី​១-​ឈ្មោះ Tan Tze Chin ហៅ Sean Tan ជា​ជនជាតិ​ម៉ាឡេស៊ី ប្រធាន​ក្រុមហ៊ុន EBC​។ ទី​២-​ឈ្មោះ ឡុង សម្បត្តិ ជា​ប្រធាន​ទីផ្សារ របស់​ក្រុមហ៊ុន EBC មាន​អ​សយ​ដ្ឋា​ន ក្នុង​រាជធានី​ភ្នំពេញ​។ ទី​៣-​ឈ្មោះ ជី​ហ្គោ សាលី ជា​ប្រធាន​សមាគម​អ្នក​ប្រឹក្សា​យោបល់​ផ្នែក​វិនិយោគ មាន​អ​សយ​ដ្ឋា​ន​នៅ​ភ្នំពេញ និង​ទី​៤-​ឈ្មោះ ហួត សុវណ្ណ ប្រធាន​អង្គការ​មូលនិធិ​អភិវឌ្ឍន៍​អាស៊ីអាគ្នេយ៍ មាន​អ​សយ​ដ្ឋា​ន​នៅ​ភ្នំពេញ​។ បុរស​ទាំង ៤​នាក់ កំពុង​រត់គេចខ្លួន ហើយ​មាន​ដីកា​ពី​តុលាការ បញ្ជា​ឲ្យ​ចូលខ្លួន​។​

​យ៉ាងណាក៏ដោយ លោក កើត រិ​ទ្ធ រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ បាន​ថ្លែង​ក្នុង​សន្និសីទកាសែត​ថា កាលពី​ដំបូង​ឡើយ មិនមាន​ប្រជាពលរដ្ឋ​ប្តឹង ដូច្នេះ​ទើប​រដ្ឋាភិបាល មិនមាន​ចំណាត់ការ​លើ​ក្រុមហ៊ុន ដែល​បោកប្រាស់​ប្រជាពលរដ្ឋ​នោះ​។ ពោលគឺ​ទាល់​តែមាន​ប្រជាពលរដ្ឋ​ប្តឹង ទើប​រដ្ឋាភិបាល ចាត់ការ ដូច​ពេលនេះ​។​

​លោក កើត រិ​ទ្ធ បន្តថា ក្រៅពី​ស្វែងរក​ចាប់ខ្លួន​មេក្លោង​ទាំង ៤​នាក់ អាជ្ញាធរ​សមត្ថកិច្ច​បា​ន​ចាប់ខ្លួន​អ្នកតំណាង​ក្រុមហ៊ុន​នៅ​ជើង​ក្រោម​បាន​មួយចំនួន នៅ​ខេត្តសៀមរាប និង​នៅ​ខេត្តតាកែវ ហើយ​បញ្ជូនទៅ​កាត់ទោស​តាមច្បាប់​។ តែ​មេក្លោង​មួយចំនួន នៅក្នុង​ស្រុក និង​ខ្លះ​បាន​ចេញទៅ​ក្រៅប្រទេស ហើយ​អាច​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​បោកប្រាស់​ដូចគ្នានេះ នៅ​ប្រទេស​ដទៃ​ផ្សេងទៀត ដូចជា នៅ​ប្រទេស​ឡាវ ជាដើម​។​

​រីឯ​លោកស្រី ងួន សុខា រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ថ្លែងថា ក្រុមហ៊ុន EBC ដែល​បោកប្រាស់​ប្រជាពលរដ្ឋ​នោះ មិនបាន​ចុះ​អាជ្ញាប័ណ្ណ​អ្វី​ទេ ព្រោះ​គេ​ធ្វើ​សកម្មភាព​ក្នុងនាម​ជា​អង្គការ ឬ​សមាគម​។ ករណីនេះ ប្រៀបដូចជា​មេ​តុងទីន គឺ​នៅពេល​លេង​តុងទីន រដ្ឋាភិបាល មិនបាន​ហាមឃាត់ ហើយក៏​មិនអាច​ចាប់​មេ​តុងទីន​បានទេ តែបើ​នៅពេល​មេ​តុងទីន​នោះ បោកប្រាស់ រត់​បាត់ ហើយ​បើ​មាន​បណ្តឹង នោះ​ទើប​រដ្ឋាភិបាល​ចាត់វិធានការ​។​

​យ៉ាងណាក៏ដោយ លោក ងី ច័​ន្ទ្រ​ផល រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បាន​បន្ថែមថា ទំហំ​នៃ​ការបោកប្រាស់ តាមរយៈ​ការផ្តល់​ការប្រាក់​ថ្លៃ រហូតដល់ ១០% ក្នុង ១​ខែ​នោះ អាចមាន​ប្រជាពលរដ្ឋ មិនតិចជាង ៥​ម៉ឺន​នាក់​នោះទេ ហើយ​ទំហំ​ទឹកប្រាក់ អាចមាន​រាប់រយ​លាន​ដុល្លារ​។ ក្នុងនោះ ជា​មធ្យម ប្រជាពលរដ្ឋ​ម្នាក់ អាច​ចាញ់បោក​ដល់​ទៅ ៨០០០ ដុល្លារ ហើយ​បើតាម​ការសាកសួរ មាន​អ្នកខ្លះ ចាញ់បោក​រហូតដល់​ជាង ១០​ម៉ឺន​ដុល្លារ ផងដែរ​។​

​ជាមួយគ្នា​នោះ លោក កើត រិ​ទ្ធ រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ បាន​គូសបញ្ជាក់ថា នៅពេលនេះ វិធានការ​របស់​អាជ្ញា​ធរ​សមត្ថកិច្ច​ក្នុង​ការជួយ​ដល់​ប្រជាពលរដ្ឋ​អ្នក​ចាញ់បោក​ក្រុមហ៊ុន​ទាំងនោះ គឺ​ទី​១-​អាជ្ញាធរ​សមត្ថកិច្ច​នឹង​បន្ត​តាម​ចាប់​មេក្លោង យកមក​ផ្តន្ទាទោស ទី​២-​ជួយ​ឲ្យ​ប្រជាពលរដ្ឋ ទទួលបាន​លុយ​មកវិញ​ខ្លះ និង​ទី​៣-​ផ្សព្វផ្សាយ​ឲ្យ​ប្រជាពលរដ្ឋ​ដទៃទៀត កុំ​ចាញ់បោក​តទៅទៀត ព្រោះថា ការបោកប្រាស់​នោះ អាច​ប្តូរ​រូបភាព​ជាច្រើន​ទៀត ដូចជា ការបង្ហាញ​គម្រោង​អភិវឌ្ឍន៍​នៅ​ដី​សម្បទាន ឬក៏​ចងការ​ប្រាក់​រាប់​ថ្ងៃ ដោយ ១០០០ ដុល្លារ ទទួលបាន​ការប្រាក់ ៥០​ដុល្លារ ជាដើម​៕​

Post a Comment

 
Top