ស្ទាក់ចាប់ឃាតករ ៣នាក់ ករណីពលករខ្មែរ ត្រូវគេសំលាប់ម្នាក់ នៅខេត្តច័ន្ទបុរី ប្រទេសថៃ

ថ្ងៃ ពុធ ទី ៣១ ខែ ឧសភា ឆ្នាំ ២០១៧ ម៉ោង ១៤:៤៤
ច័ន្ទបូរី- ថៃ: ពលករខ្មែរម្នាក់ ជាកម្មករបេះផ្លែឈើ នៅក្នុងខេត្តច័ន្ទបូរី ប្រទេសថៃ បានត្រូវឃាតករ សម្លាប់កាលពីវេលាម៉ោង ៨ យប់ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០១៧ ក្នុងចំការមៀន ស្ថិតក្នុងភូមិ៨ ឃុំថាប់ឆាង ស្រុកសយដាវ ខេត្តច័ន្ទបុរី ប្រទេសថៃ ។
ក្រុមតម្រួតជំនាញថៃ និយាយថា: ជនរងគ្រោះ ដែលដេកស្លាប់ ក្នុងថ្លុកឈាម ឈ្មោះ សេ ជាពលករខ្មែរ មកធ្វើការជាកម្មករបេះផ្លែឈើ ជាមួយនឹងកម្មករ ជាច្រើននាក់ទៀត។ លើខ្លួនប្រាណផ្នែកខាងឆ្វេង មានស្នាមចាក់ ដោយកាំបិត ពាសពេញរាងកាយ បណ្តាលអោយដេកស្លាប់ នៅក្នុងថ្លុកឈាម។ យោងការស្រាវជ្រាវ គឺជនបង្កជាឃាតករ មានគ្នា៣នាក់ បានគេចខ្លួនបាត់អស់ ទាំងយប់ ។ ឃាតកម្មនេះ មានមូលហេតុ មកពីទំនាស់ពាក្យសំដី បន្តិចបន្តួច ក្នុងពេលផឹកស៊ី ។
តម្រួតថៃ បានអោយដឹងថា: ជនសង្ស័យ ជាឃាតករ ៣នាក់នោះ ១.ឈ្មោះ អយ គឹមសុន ភេទប្រុស អាយុ២៥ឆ្នាំ។ ឈ្មោះ អាយពិសិដ្ឋ ភេទប្រុស អាយុ២៩ឆ្នាំ និង៣.ឈ្មោះ រេត វីរៈ ភេទប្រុស អាយុ១៩ឆ្នាំ។ ជនទាំង៣នាក់ ជាពលករខ្មែរ ដែលចូលមកធ្វើការ ក្នុងប្រទេសថៃ តាមច្រកតំបន់អូររំដួល ក្នុងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។
តម្រួតបានទាក់ទងស្ទាក់ ទៅតាមបណ្តាកំលាំង រួមទាំងកម្លាំងឈរជើង នៅក្នុងភូមិសាស្ត្រ និងតាមខ្សែបន្ទាត់ព្រំដែន រួមទាំងតំបន់ឈមនឹងស្រុកភ្នំព្រឹក។ ទីបំផុត ក៏ត្រូវចាប់ខ្លួនបាន ឃាតកទាំងនោះ។ តម្រួតថៃ ក៏បានប្រគល់ឃាតករទាំងនោះ ទៅអោយកំលាំងជំនាញ ដើម្បីចាត់ការតាមនីតិវិធី៕


Post a Comment