អង្គារ ទី ៦ ខែ មិថុនា ឆ្នាំ ២០១៧ ម៉ោង ១៤:៤៣
ការដំឡើងខែល ការពារមីស៊ីល THAAD នៅកូរ៉េខាងត្បូង ដើម្បីបាញ់ទំលាក់មីស៊ីល របស់ប្រទេសកូរ៉េខាងជើង អាចនឹងត្រូវពន្យារពេល បន្ទាប់ពីប្រធានាធិបតីកូរ៉េខាងត្បូង ម៉ូន ជេអ៊ីន (Moon Jae-in) បញ្ជាឲ្យមានការសិក្សា ពីផលប៉ះពាល់បរិស្ថាន ឲ្យបានល្អិតល្អន់។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មានកូរ៉េខាងត្បូង Yonhap ។
សព្វថ្ងៃ ប្រព័ន្ធការពារមីស៊ីល THAAD កំពុងបានដាក់ពង្រាយ នៅកូរ៉េខាងត្បូង តែមិនទាន់បានតំឡើង ឲ្យចប់សព្វគ្រប់នៅឡើយទេ ហើយប្រសិនជាប្រព័ន្ធ ការពារមីស៊ីលនេះ ត្រូវគេតំឡើង ឲ្យពេញលេញ វានឹងមានគ្រឿង បាញ់រ៉ុក្កែត ចំនួន ៦ ដែលអាចបាញ់បាន ៤៨ រ៉ុក្កែត ដែលត្រូវបានគេផលិតឡើង ដើម្បីបាញ់ស្ទាក់មីស៊ីល ដែលហោះលើ ឧបទ្វីបកូរ៉េ។
ក្រោមកិច្ចព្រមព្រៀង ជាមួយនឹងអាមេរិក ទីក្រុងសេអ៊ូល នឹងត្រូវផ្តល់ដី ទំហំ ៧០០.០០០ ម៉ែត្រការ៉េ ដើម្បីតំឡើង THAAD សំរាប់ទប់ស្កាត់ ការគំរាមកំហែង របស់កូរ៉េខាងជើង ហើយវាក៍នឹងជួយជំរុញ សមត្ថភាពការពារជាតិ របស់កូរ៉េខាងត្បូង ផងដែរ។
ប៉ុន្តែបើយោងតាម ច្បាប់កូរ៉េខាងត្បូងវិញ រាល់ការតំឡើងឧបករណ៍ ទាំងឡាយណា ដែលគ្របដណ្តប់ លើផ្ទៃដីលើស ៣៣០.០០០ ម៉ែត្រការ៉េ ត្រូវតែមានការវាយតម្លៃ ពីផលប៉ះពាល់របស់វា ចំពោះបរិស្ថានជាមុនសិន មុនពេលអាចសាងសង់ ឬតំឡើងបាន។
ទោះបីយ៉ាងណាក៍ដោយ ប្រព័ន្ធការពារមីស៊ីលអាមេរិក THAAD អាចដាក់ពង្រាយឲ្យបាន ខណៈដែលក្រសួងការពារជាតិកូរ៉េខាងត្បូង បានផ្តល់កន្លែង ដែលមានទំហំដី ៣២០.០០០ ម៉ែត្រការ៉េ ហើយទំហំ ដែលនៅសល់ ៣៨០.០០០ ម៉ែត្រការ៉េ អាចនឹងមានការព្រមព្រៀង នៅពេលក្រោយទៀត៕

Post a Comment