GuidePedia

0


ថ្ងៃ ពុធ ទី ៧ ខែ មិថុនា ឆ្នាំ ២០១៧ ម៉ោង ០៦:១៥
 
​ជំងឺ​ទឹកនោម​ផ្អែម​ត្រូវបាន​គេ​ស្គាល់​យ៉ាង​ច្បាស់​ថា ជាការ​លើស​ជាតិ​ស្ករ​ក្នុង​ឈាម ដូច្នេះ​បើ​សិន​ជា​អ្នក​មាន​ជំងឺ​នេះហើយ គ្រូពេទ្យ​តែងតែ​ណែនាំ​ឲ្យ​គ្រប់គ្រង​ជាតិ​ស្ករ​ជា​ទៀងទាត់​។ ម្យ៉ាងវិញទៀត បើសិន​ជា​អ្នក​មាន​គម្រោង​បង្កើត​គ្រួសារ​មែន​នោះ ជំងឺ​នេះ​អាច​នឹង​ប៉ះពាល់​ដល់​ជីវិត​ផ្លូវភេទ​បានដែរ​។ ស្ត្រី​អាចមាន​ជំងឺ​ទឹកនោម​ផ្អែម​ក្នុងពេល​មាន​ផ្ទៃពោះ ដែល​វា​អាច​ធ្វើឲ្យ​ស្ត្រី​ខ្លួនឯង និង​ទារក​ប្រឈម​នឹង​ជំងឺ​នេះ​នៅ​ថ្ងៃ​អនាគត​បាន ប៉ុន្តែ​ការ​ដែល​លើស​ជាតិ​ស្ករ​ក្នុង​ឈាម​ចំពោះ​បុរស (​បើសិនជា​មិន​បាន​គ្រប់គ្រង ឬ​ព្យាបាល​) ក៏​អាច​ធ្វើឲ្យ​គេ​មិន​ងាយ​មាន​កូន​បាន​ដែរ​។

​មិនសូវ​មាន​មនុស្ស​ច្រើន​ទេ​ដែល​ដឹង​ថា បុរស​ដែល​កើត​ជំងឺ​ទឹកនោម​ផ្អែម​អាច​នឹង​ត្រូវការ​ពេល​យូរ​ជាង​ស្ត្រី​ទៅ​ទៀត​ក្នុង​ការ​មានកូន​។ ជំងឺ​ទឹកនោម​ផ្អែម​ប៉ះពាល់​ដល់​លទ្ធភាព​មាន​កូន​របស់​មនុស្ស​យើង​ដោយ​ផ្ទាល់​តែម្តង ហើយ​ឱកាស​នោះ​គឺ​ខ្ពស់​ជាង​ស្ត្រី​ទៅទៀត​។ នេះ​ដោយសារ​តែ ជាតិ​ស្ករ​ដែល​ឡើង​ខ្ពស់​នឹងដាក់​សម្ពាធ​អុកស៊ីតកម្ម​ដែល​អាច​បំផ្លាញ DNA របស់​មេ​ជីវិត​ឈ្មោល​បាន​។ ដូច្នេះ​កាលណា​កោសិកា​ដែល​ខូច DNA ហើយ​គឺ​មិន​អាច​បង្ក​កំណើត​បាន​ឡើយ​។ លើសពីនេះទៅទៀត ជំងឺ​ទឹកនោម​ផ្អែម​ដែល​មិន​បាន​គ្រប់គ្រង ឬ​ព្យាបាល​អាច​ប៉ះពាល់​ដល់​សរសៃឈាម​តូចៗ និង​សរសៃប្រសាទ​ដែល​មាន​នាទី​បាញ់​ទឹកកាម ដូច្នេះ វា​ងាយ​នឹង​ធ្វើឲ្យ​លិង្គ​របស់​អ្នកជំងឺ​ក្រឡើង​រឹង​បានណាស់​។ ការ​លើស​ជាតិ​ស្ករ​ក្នុង​ឈាម​អាច​បន្ថយ​ចំនួន​អ័រម៉ូន​ភេទ​ប្រុស​តេស្តូ​ស្តេ​រ៉ូន ដូច្នេះ​អ្នកជំងឺ​ងាយ​នឹង​បាត់បង់​ចំណង់​ផ្លូវភេទ​ថែមទៀត​។​

ម្យ៉ាងវិញទៀត បើសិន​ជា​ប្រពន្ធ​អ្នក​មាន​ផ្ទៃពោះ​ជាមួយ​នឹង​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​១ និង​ទី​២ នាង​ប្រហែលជា​ប្រឈម​ខ្ពស់​នឹង​ការ​រលូត​កូន​។ ចំពោះ​ទារក​ដែល​កើត​ពី​ម្តាយ​ដែល​មាន​ជំងឺ​ទឹកនោម​ផ្អែម​កំពុងតែ​មាន​ផ្ទៃពោះ ទំនងជា​អាច​ស្លាប់​ក្នុង​ផ្ទៃ ឬ​កង្វះ​អាហារូបត្ថម្ភ​។

តើ​អាច​គ្រប់គ្រង​បានទេ​?
​ជំងឺ​ទឹកនោម​ផ្អែម​គឺ​ជា​ជំងឺ​រ៉ាំរ៉ៃ ដែល​បណ្តាល​មក​ពី​លំពែង​មិន​អាច​ផលិត​អាំង​ស៊ុយ​លីន​គ្រប់គ្រាន់ និង​កោសិកា​ក្នុង​រាងកាយ​មិន​អាច​ប្រើប្រាស់​អាំង​ស៊ុយ​លី​ន​បាន​។ យ៉ាងណាមិញ ជំងឺ​នេះ​អាច​គ្រប់គ្រង​បាន​តាមរយៈ​ការផ្លាស់ប្តូរ​របៀប​រស់​នៅ​ដូច​ជា ញ៉ាំ​អាហារ​ផ្តល់​សុខភាព និង​ហាត់ប្រាណ​ជា​ទៀងទាត់​។ យក​ល្អ​គួរតែ​ធ្វើ​យ៉ាងណា​រក្សា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឲ្យនៅ​ធម្មតាសិន​មុន​នឹង​វា​ប៉ះពាល់​ដល់​ជីវិត​ផ្លូវភេទ រហូតដល់​មិន​អាច​មាន​កូន​។ ការ​ដែល​លិង្គ​មិន​ងាយ​ឡើង​រឹង អាច​គ្រប់គ្រង​បាន​តាមរយៈ​ការប្រើ​ថ្នាំ​សម្រាប់​ពង្រឹង​ដល់​លំហូរ​ឈាម​ទៅ​សរីរាង្គ​ប្រដាប់​បន្ត​ពូជ​។ យ៉ាងណាមិញ ដើម្បី​ដោះស្រាយ​រឿងនេះ យក​ល្អ​គួរតែ​ស្វែងយល់​អំពី​រោគសញ្ញា​ជំងឺ​ទឹកនោម​ផ្អែម ហើយ​គ្រប់គ្រង​វា​។ បើសិន​ជា​អ្នក​អាយុ​ចាប់ពី ៣០​ឆ្នាំ​ឡើង ធា​ត់ ឬ​ធាត់​ជ្រុល​ដែល​មាន​ស​ន្ទ​ស្ស​ទម្ងន់​ធៀប​នឹង​កម្ពស់ ២៣ ទៅ ២៤.៩ ឬ គ្រួសារ​ធ្លាប់មាន​ប្រវត្តិ​កើត​ជំងឺ​ទឹកនោម​ផ្អែម​ហើយ យក​ល្អ​គួរតែ​ស្វែងរក​ការ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ទទួលបាន​ដំបូន្មាន​មុន​ពេល​វា​វិវដ្តន៍​ទៅ​ជា​ផលវិបា​ក​ធ្ងន់ធ្ងរ​៕

Post a Comment

 
Top