បម្រាមទាក់ទិនការលក់គោក្របីនៅឥណ្ឌា រងការរិះគន់ទូទាំងប្រទេស

ថ្ងៃ អង្គារ ទី ៣០ ខែ ឧសភា ឆ្នាំ ២០១៧ ម៉ោង ០៩:១៣
បម្រាមថ្មី ដែលបានដាក់ចេញដោយរដ្ឋាភិបាលឥណ្ឌាលើការលក់គោក្របីសម្រាប់អ្នកពិឃាតដើម្បីការពារសត្វពាហនៈដែលត្រូវចាត់ទុកថាពិសិដ្ឋដោយអ្នកកាន់សាសនាហិណ្ឌូនោះ បានទាក់ទាញការរិះគន់យ៉ាងសម្បើមពីរដ្ឋាភិបាលប្រចាំរដ្ឋ និង ឧស្សាហកម្មទាក់ទិននឹងសត្វពាហនៈ។
រដ្ឋាភិបាលប្រចាំរដ្ឋជាច្រើនបានរិះគន់បម្រាមនេះថាជាឧបសគ្គមួយចំពោះការនាំចេញសាច់គោ និង ស្បែកសត្វ ដែលនឹងធ្វើឱ្យមនុស្សរាប់ម៉ឺននាក់គ្មានការងារធ្វើ និង ធ្វើឱ្យអ្នកកាន់សាសនាគ្រិស្ត មូស្លីម និងហិណ្ឌូក្រីក្រ ខ្វះនូវប្រភពប្រូតេអ៊ីនតម្លៃថោក។
បម្រាម ដែលបានចូលជាធរមានកាលពីថ្ងៃសុក្រទី២៦ឧសភានេះ ទាមទារឱ្យឈ្មួញលក់គោក្របីសន្យាថា រាល់គោឬក្របីដែលលក់នោះ គឺមិនមែនក្នុងគោលបំណងសម្លាប់នោះឡើយ។
យ៉ាងហោចណាស់ រដ្ឋាភិបាលប្រចាំរដ្ឋមួយបានកំពុងមានគម្រោងប្តឹងទៅតុលាការ។ អ្នកខ្លះនិយាយថា បម្រាមនេះបានរំលោភលើស្វ័យភាពសេដ្ឋកិច្ចរបស់រដ្ឋ និងអំពាវនាវឱ្យធ្វើការតវ៉ាទូទាំងប្រទេស។
អ្នកខ្លះទៀតនិយាយថា បម្រាមនេះនឹងប៉ះពាល់កសិករ ដែលបង្ខំចិត្តបន្តផ្តល់ចំណីសត្វចាស់ជរា ដូច្នេះគោក្របីលែងបង្កាត់ពូជបានតទៅទៀត នឹងចេញមកដើរប្រសាចពេញដងផ្លូវ។
បម្រាមថ្មីនេះក៏បានស្នើឱ្យបង្កើតការិយាល័យត្រួតពិនិត្យសត្វផងដែរ រួមមានក្រុមអ្នកពិនិត្យសត្វ និង ពេទ្យសត្វ ដើម្បីធានាថា បម្រាមថ្មីនេះត្រូវបានអនុវត្ត។ តាមទម្លាប់ ពិព័រណ៍គោក្របី និងទីផ្សារនានាអនុញ្ញាតឱ្យលក់សត្វពាហនៈសម្រាប់យកកាប់សាច់ដើម្បីផ្តល់វត្ថុធាតុដើមប្រើប្រាស់ក្នុងឧស្សាហកម្មជាច្រើន រួមទាំងឧស្សាហកម្មផលិតផលស្បែកសត្វ សាប៊ូ និងជ័រកសិកម្ម៕
Post a Comment