GuidePedia

0
ILO៖ ចំណូល​ប្រចាំខែ​ជា​មធ្យម​របស់​កម្មករ​កាត់ដេរ កើន​ដល់ ១៩៥ ដុល្លារ នៅ​ឆ្នាំ​២០១៦


អង្គការ​អន្តរជាតិ​ខាង​ការងារ ILO បានប្រកាសថា ចំណូល​ប្រចាំខែ​ជា​មធ្យម ( រួមទាំង​ប្រាក់​ម៉ោង​បន្ថែម ) របស់​កម្មករ​កាត់ដេ​រ​សំលៀកបំពាក់ និង​ស្បែកជើង​កម្ពុជា បាន​កើនឡើង​ពី ១៤៥ ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ​២០១៤ ដល់ ១៧៥ ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ​២០១៥ និង​កើន​ដល់ ១៩៥ ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ​២០១៦​។ បើ​គណនា​សំរួល​ជាមួយ​អតិផរណា ប្រាក់​ឈ្នួល​/​ចំណូល​ពិត​ប្រចាំខែ​មធ្យម ក្នុង​ឆ្នាំ​២០១៦ កើន ៨ ភាគរយ ខ្ពស់ជាង​ឆ្នាំ​២០១៥​។​

​ជាមួយនឹង​ការប្រកាស​ខាងលើនេះ ILO ក៏បាន​ប្រកាសថា ការងារ​នៅក្នុង​វិស័យ​កាត់ដេរ​សំលៀកបំពាក់ និង​ស្បែកជើង​កម្ពុជា មានការ​ធ្លាក់ចុះ បើទោះបីជា​ការនាំចេញ ទទួលបាន​លទ្ធផល​ល្អ​ក្តី​។​

​ក្នុង​សេចក្តីប្រកាស សម្រាប់​ចេញផ្សាយ​ភ្លាមៗ នា​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០១៧ អង្គការ​អន្តរជាតិ​ខាង​ការងារ ILO លើកឡើងថា ខណៈដែល​ការនាំចេញ​បន្ត​កើនឡើង​ក្នុង​ល្បឿន​ដ៏​រឹងមាំ​មួយ ក្នុង​ឆ្នាំ​២០១៦ ដោយមាន​ការកើនឡើង​ចំនួន ៧,២ ភាគរយ ដល់ ៧,៣ ពាន់​លាន​ដុល្លារ​អាមេរិក តែ​ចំនួន​នៃ​រោងចក្រ​នាំចេញ ដែល​បាន​ចុះបញ្ជី​ជា​ផ្លូវការ ក្នុងការ​វិស័យនេះ បាន​ធ្លាក់ចុះ​ចំនួន ១០,៤ ភាគរយ ហើយ​ចំនួន​កម្មករ បាន​ធ្លាក់ចុះ​ចំ​នយន ២,៩ ភាគរយ ក្នុង​ឆ្នាំ​២០១៦ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៥​។​

​អង្គការ​អន្តរជាតិ​ខាង​ការងារ បាន​លើកយក​កត្តា​ចម្បង​បី ដែល​អាចរួមចំណែក​ដ​ល់​ភាពខុសគ្នា​រវាង​ការនាំចេញ ដែលមាន​លក្ខណៈ​រឹងមាំ​ល្អ និង​ការធ្លាក់ចុះ​ចំនួន​ការងារ និង​ការបង្កើត​សហគ្រាស​ថ្មី​។ កត្តា​ទាំងនេះ រួមមាន​៖ ទី​១-​ការកើនឡើង​នូវ​ផលិតភាព ( Productivity ) របស់​ឧស្សាហ​កម្មនេះ ទី​២-​បញ្ហា​ផ្នែក​ស្ថិតិ​ទាក់ទង​នឹង​ការវាស់វែង​ចំនួន​ការងារ និង​ចំនួន​រោងចក្រ ទី​៣-​កំណើន​ផលិតកម្ម​នៅក្នុង​រោងចក្រ​ម៉ៅការ​បន្ត ( Subcontracting factories )​។​

​លោក ម៉ូ​រី​ហ្ស៊ី​អូ ប៊ូស៊ី ( Maurizio Bussi ) នាយក​ការិយាល័យ​អង្គការ​អន្តរជាតិ​ខាង​ការងារ ប្រចាំ​ប្រទេស​ថៃ កម្ពុជា និង​ឡាវ បាន​មានប្រសាសន៍ថា “​កំណើន​ការងារ និង​ផលិតកម្ម​នៅក្នុង​រោងចក្រ​ម៉ៅការ​បន្ត ( Subcontracting factories ) អាចជា​ការព្រួយបារម្ភ​មួយ ប្រសិនបើ​ការ​ម៉ៅការ​បន្ត​កំពុង​ត្រូវបាន​គេ​ប្រើប្រាស់​ជា​វិធី​មួយ ដើម្បី​ជៀសវាង​ច្បាប់ និង​ក្របខ័ណ្ឌគតិយុត្តិ រួមទាំង​ច្បាប់​ការងារ និង​ប្រាក់​ឈ្នួល​អប្បបរមា​នេះ​”​។​

​សេចក្តីប្រកាស​ដដែល បង្ហាញថា មិន​ដូចជា​រោងចក្រ​នាំចេញ ដែល​បាន​ចុះបញ្ជី​ទេ អ្នកម៉ៅការ​បន្ត​មិន​ត្រូវបាន​ត្រួតពិនិត្យ​តាមដាន​ដោយ​កម្មវិធី​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា​នោះទេ ហើយក៏​អាចមាន​ការយកចិត្តទុកដាក់​ពី​សំណាក់​ស្ថាប័ន​អនុវត្ត​ច្បាប់​ជាតិ តិចជាង​រោងចក្រ​ធម្មតា​ដែរ​។​
​លោក ប៊ូស៊ី បាន​បញ្ជាក់ថា “​ស្ថានភាព​នេះ គួរ​ត្រូវបាន​តាមដាន​ដោយ​ប្រុង​ប្រ​យ័​ត្នី​សំណាក់​ភាគី​ពាក់ព័ន្ធ និង​ស្ថាប័ន​ពាក់ព័ន្ធ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​”​។​

​យ៉ាងណាក៏ដោយ អង្គការ​អន្តរជាតិ​ខាង​ការងារ ILO បានលើកឡើង​នូវ​និន្នាការ​សំខាន់ៗ​ផ្សេងទៀត អំពី​ការវិវឌ្ឍ​ថ្មីៗ បំផុត នៅក្នុង​វិស័យនេះ​៖ សំលៀកបំពាក់ និង​ស្បែកជើង នៅតែ​ជា​ផលិតផល​នាំចេញ​ដ៏​សំខាន់បំផុត​របស់​កម្ពុ​ជា ដែល​តំណាង​ឲ្យ​ប្រមាណ ៧៨​ភាគរយ នៃ​ផលិតផល​ទំនិញ​នាំចេញ​សរុប​របស់​ប្រទេស​កម្ពុជា ក្នុង​ឆ្នាំ​២០១៦​។ សហភាព​អឺរ៉ុប EU នៅតែ​ជា​គោលដៅ​ទីផ្សារ​សំខាន់បំផុត សម្រាប់​ការនាំចេញ​ផលិតផល​សំលៀកបំពាក់ និង​ស្បែកជើង​របស់​កម្ពុជា ដោយ​សហរដ្ឋអាមេរិក ស្ថិតក្នុង​លំដាប់​លេខ​ពីរ​។ ការនាំចេញ​របស់​វិស័យនេះ ទៅកាន់​ទីផ្សារ​សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក​រួមគ្នា តំណាង​ឲ្យ​ប្រមាណ​តែ ៦៥ ភាគរយ ប៉ុណ្ណោះ ក្នុង​ឆ្នាំ​២០១៦ ធ្លាក់ចុះ​ពី ៧២​ភាគរយ ក្នុង​ឆ្នាំ​២០១៥ ប៉ុន្តែ​មាន​កំណើន​ចំណែក​ទីផ្សារ​នៅក្នុង​ប្រទេស​ផ្សេងទៀត ក្រៅពី​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប ជាពិសេស​ជប៉ុន និង​កាណាដា​៕​

Post a Comment

 
Top