ឆ្នាំក្រោយកម្ពុជានឹងមានសាកលវិទ្យាល័យកីឡា

ថ្ងៃ សុក្រ ទី ២៦ ខែ ឧសភា ឆ្នាំ ២០១៧ ម៉ោង ០៩:៤៤
ពេលនេះ ក្រសួងអប់រំ យុវជន និងកីឡា កំពុងតែឈ្មុសឈ្មុល ដើម្បីតម្លើងវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ឲ្យទៅជាសាកលវិទ្យាល័យកីឡា។
លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ដើម្បីតម្លើងវិទ្យាស្ថានមួយ ឲ្យទៅជាសាកលវិទ្យាល័យយ៉ាងហោចណាស់ ក៏ត្រូវមានមហាវិទ្យាល័យ ៣ ជាចំណុះដែរ។ សម្រាប់ប្រទេសគេមានមហាវិទ្យាល័យចំណុះពី៥ទៅ៦ឯណោះ។
លោកមានប្រសាសន៍ទៀតថា វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា សព្វថ្ងៃបណ្ដុះបណ្ដាលតែមួយមុខវិជ្ជាប៉ុណ្ណោះ គឺមុខវិជ្ជាអប់រំកាយ និងកីឡា ដែលការសិក្សាមានរយៈពេល២ឆ្នាំហើយ បន្ទាប់ពីចប់ការសិក្សាពួកគេក្លាយជាគ្រូអប់រំកាយ និងកីឡាក្នុងសាលារៀន។
ចុងឆ្នាំ២០១៨ វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា នឹងក្លាយជាសាកលវិទ្យាល័យកីឡាលើកដំបូងនៅកម្ពុជា។ ពេលនេះ បញ្ហាប្រឈមកំពុងតែកើតមាននោះ គឺការខ្វះខាតគ្រូ។ គ្រូមួយចំនួនធំកំពុងតែបណ្ដុះបណ្ដាលនៅក្រៅប្រទេសដែលពួកគេត្រូវបញ្ចប់ការសិក្សានៅឆ្នាំ២០២០ ឯណោះ។ ពេលនេះ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានប្ដេជ្ញាចិត្តបង្កើតសាកលវិទ្យាល័យកីឡា ឲ្យបាននៅចុងឆ្នាំ២០១៨។
លោក សេរី ដែលជាប្រធានគណៈកម្មការរៀបចំបង្កើតសាកលវិទ្យាល័យកីឡា មានប្រសាសន៍ថា មហាវិទ្យាល័យចំនួន៣ ដែលជាចំណុះនឹងត្រូវបង្កើតឡើង។ មហាវិទ្យាល័យទាំង៣ នោះ គឺមហាវិទ្យាល័យអប់រំកាយ និងកីឡា មហាវិទ្យាល័យវិញ្ញាសាកីឡាជំនាញ និងមហាវិទ្យាល័យគ្រប់គ្រង និងរដ្ឋបាលកីឡា។
លោក ប៊ូ ជុំសេរី ដែលទើបតែត្រឡប់មកពីធ្វើទស្សនកិច្ចស្វែងយល់ពីសាកលវិទ្យាល័យកីឡា នៅទីក្រុង Nantes ប្រទេសបារាំងនោះ បានអះអាងថា យើងនឹងចុះ MOU ជាមួយសាកលវិទ្យាល័យកីឡានៅ Nantes ដើម្បីឲ្យគេជួយយើងក្នុងការរៀបចំកម្មវិធីសិក្សា។ នៅខែកក្កដាខាងមុខនេះ អ្នកឯកទេស ៣រូប នៃសាកលវិទ្យាល័យកីឡា នៅ Nantes ដើម្បីរៀបចំកម្មវិធីសិក្សា ដែលកម្មវិធីនោះ ត្រូវតែមានតម្លៃជាសាកលតែម្ដង។
សម្រាប់ប្រទេសគេសាកលវិទ្យាល័យកីឡាមានមហាវិទ្យាល័យចំនុះពី៥ទៅ៦ឯណោះ សម្រាប់យើងដែលទើបតែចាប់ផ្ដើមបែបនេះ មិនទាន់អាចធ្វើដូចគេបានទេ។
សម្រាប់តំបន់អាស៊ានគេបានឯកភាពគ្នាថា ចាប់ពីឆ្នាំ២០២០ ទៅ គ្រូកម្រិតបឋមសិក្សាត្រូវតែមានបរិញ្ញាប័ត្រ ហើយចាប់ពីគ្រូវិទ្យាល័យទៅត្រូវតែមានសញ្ញាប័ត្របណ្ឌិត។ កីឡាជាអនុវិស័យមួយរបស់ក្រសួងអប់រំ យុវជន និងកីឡា ហេតុនេះ ត្រូវតែអភិវឌ្ឍន៍គ្រូដែរ។
លោក ប៊ូ ជុំសេរី មានប្រសាសន៍បន្ថែមថា ជាមួយនឹងការឈានទៅបង្កើតសាកលវិទ្យាល័យកីឡានេះ លោកក៏បានទំនាក់ទំនងជាមួយវិទ្យាស្ថានកីឡាមួយ នៅទីក្រុងប៉ារីស ប្រទេសបារាំង។ វិទ្យាស្ថាននោះ ជាមជ្ឈមណ្ឌលបណ្ដុះបណ្ដាលគ្រូបង្វឹក និងកីឡាជម្រើសជាតិ៕
Post a Comment