GuidePedia

0
តួលេខ​នាំចេញ​ផល​នេសាទ ៤​ខែ​ដើមឆ្នាំ​២០១៧...


​និយាយ​រឿង​ផល​នេសាទ ជាពិសេស ត្រី កម្ពុជា​ថ្វី​ត្បិត​ជា​ប្រទេស​ជង្រុក​ត្រី​ក៏ពិតមែន ប៉ុន្តែ ការនាំ​ត្រី​ចេញទៅ​ក្រៅប្រទេស​ហាក់​នៅ​ទាប​នៅឡើយ ហើយ​នាំចេញ​ច្រើនតែ​ផល​នេសាទ​មិនទាន់​កែច្នៃ​។​

​គិត​ត្រឹម​ខែមករា ដល់​ខែមេសា ឆ្នាំ​២០១៧​នេះ កម្ពុជា​នាំចេញ​ផល​នេសាទ​ស្រស់​ដែល​មិនទាន់​កែច្នៃ ពិសេស​ត្រី ទៅកាន់​ទីផ្សារ​ក្រៅប្រទេស មាន​ចំនួន​ប្រមាណ ៣​ពាន់ ៣៨០​តោន ពោល​ថយចុះ ៣០​តោន បើ​ប្រៀបធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៦​។

​បើ​និយាយ​ពី​ផល​នេសាទ​កែច្នៃ​រួច កម្ពុជា​បាន​នាំ​ចេញទៅ​ទីផ្សារ​អន្តរជាតិ​មាន​ចំនួន​តែ ៥០០​តោន​ប៉ុណ្ណោះ​ក្នុង​រយៈពេល​៤​ខែ​ឆ្នាំនេះ គឺ​បាន​ថយចុះ ១៨០​តោន ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ នេះ​បើតាម​របាយការណ៍​ពី​ក្រសួងកសិកម្ម​កម្ពុជា​។​

​របាយការណ៍​បង្ហាញថា អាជីវកម្ម​នេសាទ​ទឹកសាប នេសាទ​គ្រួសារ​ក្នុង​ដែន​នេសាទ​ក្នុង​រយៈពេល​៤​ខែ បាន​ទិន្នផល​ចំនួន​ជាង ៩​ម៉ឺន​តោន នេសាទ​គ្រួសារ​តាម​វាលស្រែ​ចំនួន​២​ម៉ឺន​៣​ពាន់​តោន និង​ការធ្វើ​នេសាទ​សមុទ្រ​សម្រេចបាន​ជាង ៣​ម៉ឺន ៤​ពាន់ ៤២៥​តោន​។

​ជាមួយគ្នានេះ ផល​នេសាទ​ទឹកសាប​កែច្នៃ​សម្រេចបាន ២​ម៉ឺន​តោន ផល​នេសាទ​សមុទ្រ​កែច្នៃ​ជាង ៣​ពាន់​តោន និង​ការផលិត​ទឹកត្រី​សម្រេចបាន​ជាង ១៧​លាន​លីត្រ​។​

​សូមបញ្ជាក់ថា កាលពី​ឆ្នាំ​២០១៦ កម្ពុជា​បាន​នាំចេញ​ផលិតផល​នេសាទ សម្រេចបាន​សម្រាប់​ផល​នេសាទ​ស្រស់ មាន​ចំនួន​ជាង ៩​ពាន់​តោន និង​ផល​នេសាទ​កែច្នៃ​សម្រេចបាន​ជាង ៥​ពាន់​តោន​៕

Post a Comment

 
Top